ខិត្តប័ណ្ណមួយទំព័រនេះ ចែងអំពីនិយមន័យនិងប្រភេទនៃការបៀតបៀនផ្លូវភេទ លក្ខខណ្ឌតម្រូវសម្រាប់និយោជក និងវិធានការដែលនិយោជិតអាចអនុវត្ត ប្រសិនបើពួកគេជួបប្រទះបញ្ហាបៀតបៀនផ្លូវភេទ ហើយនឹងមានផ្តល់ជូនជាភាសាអង់គ្លេសនិងអេស្ប៉ាញ។
ការបៀតបៀនផ្លូវភេទ គឺជាទម្រង់នៃការរើសអើងផ្លូវភេទ មានដូចជាការប្រព្រឹត្តផ្លូវភេទដែលគេមិនពេញចិត្ត ការស្នើសុំផលតបស្នងផ្លូវភេទ និងការប្រព្រឹត្តលើរូបរាងកាយឬពាក្យសម្តីដែលផ្អែកទៅលើផ្លូវភេទ។ គ្រប់ទម្រង់នៃការបៀតបៀនផ្លូវភេទទាំងអស់គឺជាអំពើខុសច្បាប់ ហើយនិយោជកអាចនឹងទទួលខុសត្រូវចំពោះអាកប្បកិរិយានេះ ប្រសិនបើពួកគេមិនចាត់វិធានការសមស្របដើម្បីដោះស្រាយបញ្ហានេះទេ។ និយោជកគួរតែ៖
- ផ្តល់នីតិវិធីសម្រាប់និយោជិតដែលបានជួបប្រទះបញ្ហាបៀតបៀនផ្លូវភេទដើម្បីធ្វើការរាយការណ៍ប្តឹងតវ៉ា
- ធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់និងជាបន្ទាន់ទៅលើការប្តឹងតវ៉ាលើការបៀតបៀនផ្លូវភេទ និង
- ចាត់វិធានការបន្ទាន់និងមានប្រសិទ្ធភាពដើម្បីលុបបំបាត់ការបៀតបៀនផ្លូវភេទបន្តទៀតនៅក្នុងកន្លែងការងារ
ខិត្តប័ណ្ណនេះក៏ផ្តល់ជូនផងដែរនូវវិធានការសម្រាប់និយោជិត ប្រសិនបើពួកគេមើលឃើញឬជួបប្រទះបញ្ហាបៀតបៀនផ្លូវភេទ។ ដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយាមិនត្រឹមត្រូវតាមច្បាប់នេះ និយោជិតអាច៖
- ទំនាក់ទំនងប្រាប់ដល់អ្នកប្រព្រឹត្តអំពើបៀតបៀន ឬប្រធានរបស់ពួកគេថា អាកប្បកិរិយាបំពារបំពាននោះមិនត្រូវបានស្វាគមន៍ទេ។
- រាយការណ៍ជាបន្ទាន់អំពីហេតុការណ៍នោះជូនដល់ថ្នាក់គ្រប់គ្រង ឬផ្នែកធនធានមនុស្ស និង/ឬ
រាយការណ៍អំពីការបៀតបៀននោះទៅដល់ទីភ្នាក់ងាររដ្ឋាភិបាលដូចខាងក្រោម៖ Washington State Attorney General’s Office (ការិយាល័យអគ្គរដ្ឋអាជ្ញារដ្ឋវ៉ាស៊ីនតោន), Washington State Human Rights Commission (គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋវ៉ាស៊ីនតោន), និង/ឬ U.S. Equal Employment Opportunity Commission (គណៈកម្មាធិការសម្រាប់ឱកាសការងារស្មើភាពគ្នារបស់សហរដ្ឋអាមេរិក)។