ការសម្របសម្រួលដល់ការមានផ្ទៃពោះនិងការបំបៅដោះកូន
ច្បាប់នៅរដ្ឋវ៉ាស៊ីនតោនផ្តល់ការការពារសិទ្ធិពលរដ្ឋជាក់លាក់សម្រាប់និយោជិតមានផ្ទៃពោះ។ ការការពារនេះអនុវត្តចំពោះការមានផ្ទៃពោះនិងស្ថានភាពសុខភាពពាក់ព័ន្ធនឹងការមានផ្ទៃពោះរបស់និយោជិត ដែលរួមមានស្ថានភាពសុខភាពនៅអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលផ្តល់កំណើតទារក ដូចជាតម្រូវការក្នុងការបំបៅដោះកូន ឬការច្របាច់យកទឹកដោះជាដើម។ ប្រសិនបើនិយោជិតមានផ្ទៃពោះធ្វើការឲ្យនិយោជកដែលមានបុគ្គលិក 15នាក់ឡើងទៅ និយោជកត្រូវបានតម្រូវឲ្យផ្តល់ការសម្របសម្រួលសមស្របដូចខាងក្រោមដល់និយោជិត៖
- ការផ្តល់ម៉ោងសម្រាកទៅបន្ទប់ទឹកជាញឹកញាប់ រយៈពេលវែង និងមានភាពបត់បែន
- ការកែសម្រួលគោលនយោបាយបម្រាមលើចំណីអាហារនិងភេសជ្ជៈ
- ការផ្តល់កន្លែងអង្គុយ ឬការអនុញ្ញាតឲ្យនិយោជិតអង្គុយឲ្យបានញឹកញាប់ច្រើនជាងមុន និង
- ការបញ្ឈប់មិនឲ្យលើករបស់ដែលមានទម្ងន់លើសពី 17ផោន (បីគីឡូក្រាម)។
ម្យ៉ាងទៀត និយោជិតមានផ្ទៃពោះអាចនឹងមានសិទ្ធិទទួលបានការសម្របសម្រួលនៅកន្លែងការងារផ្សេងទៀត ដរាបណាគ្មានភាពលំបាកឬការចំណាយច្រើនគួរឲ្យកត់សម្គាល់ណាមួយដល់់និយោជកនោះទេ។ ទាំងនេះរួមមាន៖
- ការកែប្រែរចនាសម្ព័ន្ធការងារ រួមទាំងការកែសម្រួលកាលវិភាគការងារ ការចាត់តាំងការងារសាឡើងវិញ ការផ្លាស់ប្តូរទីកន្លែងធ្វើការ ឬការផ្តល់សម្ភារៈបរិក្ខារ
- ការផ្តល់ជូនការផ្ទេរជាបណ្តោះអាសន្នទៅកាន់មុខតំណែងដែលមិនសូវប្រើកម្លាំងឬមិនសូវមានគ្រោះថ្នាក់
- ការកំណត់កាលវិភាគដែលមានភាពបត់បែនសម្រាប់ការជួបពិគ្រោះក្នុងពេលមានផ្ទៃពោះ
- ការផ្តល់ពេលសម្រាកសមស្របសម្រាប់និយោជិតដើម្បីធ្វើការច្របាច់ទឹកដោះសម្រាប់រយៈពេលពីរឆ្នាំ បន្ទាប់ពីកំណើតទារក នៅរៀងរាល់ពេលដែលនិយោជិតមានតម្រូវការក្នុងការច្របាច់ទឹកដោះ និងការផ្តល់ទីតាំង ក្រៅពីបន្ទប់ទឹក ប្រសិនបើទីតាំងនោះមានស្រាប់នៅកន្លែងអាជីវកម្មឬទីតាំងការងារ ដែលអាចនឹងត្រូវបានប្រើប្រាស់ដោយនិយោជិតផ្សេងទៀតដើម្បីច្របាច់ទីកដោះ។ ប្រសិនបើទីតាំងអាជីវកម្មមិនមានចន្លោះទំនេរសម្រាប់ឲ្យនិយោជិតធ្វើការច្របាច់ទឹកដោះទេ និយោជកត្រូវធ្វើការជាមួយនិយោជិតដើម្បីកំណត់ទីតាំងដែលមានភាពងាយស្រួល និងកាលវិភាគការងារដើម្បីសម្របសម្រួលដល់តម្រូវការរបស់ពួកគេ និង
- ការផ្តល់ជូននូវការសម្របសម្រួលបន្ថែមទៀតដែលនិយោជិតអាចនឹងត្រូវការ។
និយោជក អាចនឹងមិន ស្នើសុំការបញ្ជាក់ជាលាយលក្ខណ៍អក្សរពីអ្នកជំនាញវិជ្ជាជីវៈថែទាំសុខភាពសម្រាប់ការសម្របសម្រួលនៅក្នុងចំណុច 1–4 ខាងលើទេ។ និយោជក អាចនឹង ស្នើសុំការបញ្ជាក់ជាលាយលក្ខណ៍អក្សរពីអ្នកជំនាញវិជ្ជាជីវៈថែទាំសុខភាពពាក់ព័ន្ធនឹងតម្រូវការសម្រាប់ការសម្របសម្រួលនៅក្នុងចំណុច 5–9 ខាងលើ ឬសម្រាប់ការដាក់កម្រិតលើការលើករបស់ដែលមានទម្ងន់ 17ផោន (បីគីឡូក្រាម) ឬតិចជាងនេះ។
និយោជកត្រូវបានហាមឃាត់មិនឲ្យធ្វើការសងសឹកទៅលើនិយោជិតមានផ្ទៃពោះដែលស្នើសុំឲ្យមានការផ្លាស់ប្តូរណាមួយក្នុងចំណោមការផ្លាស់ប្តូរទាំងនេះ មិនឲ្យបដិសេធឱកាសការងារចំពោះនិយោជិតមានផ្ទៃពោះដែលពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន ឬមិនតម្រូវឲ្យនិយោជិតមានផ្ទៃពោះធ្វើការឈប់សម្រាកក្នុងករណីដែលជម្រើសផ្សេងទៀតមានផ្តល់ជូន។ ម្យ៉ាងទៀត និយោជិតមានផ្ទៃពោះដែលមានពិការភាពពាក់ព័ន្ធនឹងការមានផ្ទៃពោះ អាចនឹងមានសិទ្ធិបន្ថែមក្រៅពីសិទ្ធិទាំងឡាយដែលបានរៀបរាប់នៅទីនេះ។
Civil Rights Division (ផ្នែកសិទ្ធិពលរដ្ឋ) ទទួលយកពាក្យបណ្តឹងដែលនិយោជកមិនបានសម្របសម្រួលដល់ការមានផ្ទៃពោះរបស់និយោជិត។ អ្នកអាចនឹងទាក់ទងមកយើង តាមរយៈ pregnancy@atg.wa.gov ឬដោយផ្ញើសារនៅលើខ្សែទូរសព្ទឥតគិតថ្លៃរបស់យើងតាមរយៈលេខ (833) 660-4877។ អ្នកក៏អាចប្រគល់ពាក្យបណ្តឹងដោយប្រើប្រាស់ទម្រង់បែបបទតាមអនឡាញ របស់យើងផងដែរ ហើយបុគ្គលិកម្នាក់នឹងទាក់ទងទៅអ្នក។
សៀវភៅណែនាំអំពីការសម្របសម្រួលដល់ការមានផ្ទៃពោះសម្រាប់និយោជិតនិងនិយោជក
ខិត្តប័ណ្ណមួយទំព័រនេះ ផ្តល់ព័ត៌មានអំពីការសម្របសម្រួលជាក់លាក់ដែលតម្រូវចាំបាច់សម្រាប់បុគ្គលិកមានផ្ទៃពោះ នៅក្រោមច្បាប់រដ្ឋវ៉ាស៊ីនតោន។ ខិត្តប័ណ្ណនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានទៅដល់ទាំងនិយជិតនិងនិយោជកឲ្យបានជ្រាបអំពីសិទ្ធិនិងការទទួលខុសត្រូវរបស់ពួកគេក្រោមច្បាប់នេះ ហើយនឹងមានផ្តល់ជូនទាំងជាភាសាអង់គ្លេសនិងភាសាអេស្ប៉ាញ។
ខិត្តប័ណ្ណនេះគូសបញ្ជាក់ថាតើច្បាប់ស្តីពីការសម្របសម្រួលការមានផ្ទៃពោះជាអ្វី បញ្ជាក់ពីសិទ្ធិដែលនិយោជិតមាននៅកន្លែងការងារ ការអនុវត្តអ្វីខ្លះដែលត្រូវបានហាមឃាត់សម្រាប់និយោជិត ហើយតើនិយោជិតមានផ្ទៃពោះអាចរាយការណ៍អំពីការរំលោភបំពានលើការសម្របសម្រួលដល់ការមានផ្ទៃពោះដូចម្តេចខ្លះ។