Washington State

Office of the Attorney General

Attorney General

Bob Ferguson

ធនធានច្រើនទៀតមានជាភាសានេះ។

តំណរហ័ស៖

រូបមន្តគណនាលក្ខខណ្ឌទទួលបាន

សំណួរចោទសួរជាញឹកញាប់

ជា​លទ្ធផល​នៃ​ច្បាប់​ដែល​ដាក់ស្នើ​ដោយ Attorney General’s Office (ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា) និង​អនុម័ត​ដោយ​អង្គនីតិបញ្ញត្តិ ឥឡូវនេះ​ប្រជាជន​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន 4 លាន​នាក់​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បានការ​ថែទាំ​នៅ​មន្ទីរពេទ្យ​ទូទាំង​រដ្ឋ​វ៉ាស៊ីនតោន​ដោយមាន​ការ​បញ្ចុះតម្លៃ ឬឥតគិតថ្លៃ។

ប្រមាណ​ពាក់កណ្ដាល​នៃ​ប្រជាជន​ទាំងអស់​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បានការ​ថែទាំ​នៅ​មន្ទីរពេទ្យ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ដោយមាន​ការ​បញ្ចុះតម្លៃ ឬឥតគិតថ្លៃ។ ការ​ការពារ​ទាំងនេះ​អនុវត្ត​ចំពោះ​ការ​ចំណាយ​ថ្លៃ​មន្ទីរពេទ្យ​ដោយខ្លួនឯង រួម​ទាំង​ការ​ចំណាយ​រួមគ្នា និង​ការ​បង់​ធានារ៉ាប់រង មិនថា​មាន​ស្ថានភាព​ធានារ៉ាប់រង​បែប​ណា​នោះ​ទេ។ ឥឡូវនេះ ច្បាប់​រដ្ឋ​វ៉ាស៊ីនតោន​ផ្ដល់​កិច្ចការពារ​ខ្លាំង​បំផុត​ក្នុង​ប្រទេស​សម្រាប់​ការ​ចំណាយ​ថ្លៃ​មន្ទីរពេទ្យ​ដោយខ្លួនឯង។

ច្បាប់​ថ្មីនេះ​បង្កើន​លក្ខខណ្ឌ​ទទួល​បាន​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​ការ​ចំណាយ​ថ្លៃ​មន្ទីរពេទ្យ​ដោយខ្លួនឯង ដូចជា​ការ​ចំណាយ​រួមគ្នា និង​ការ​បង់​ធានារ៉ាប់រង ក៏ដូចជា​ការពង្រីក​លក្ខខណ្ឌ​ទទួល​បានការ​បញ្ចុះតម្លៃ​ផង​ដែរ។ មុន​ពេល​មានច្បាប់​ថ្មីនេះ មាតាបិតា​តែម្នាក់​ដែល​ធ្វើការ​បើកប្រាក់​ឈ្នួល​ពីរ​មុខ​ជា​អប្បបរមា 50 ម៉ោង​ក្នុង​មួយ​សប្ដាហ៍​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​នៅ​មន្ទីរពេទ្យ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ទេ។ ច្បាប់​ថ្មី​បាន​កែប្រែ​ចំណុច​នេះ។

ច្បាប់​នេះ​ធានា​ថា ប្រជាជន​ទាំងអស់​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ដែល​ស្ថិត​ក្នុង​កម្រិត​ភាព​ក្រីក្រ​របស់​សហព័ន្ធ 300% មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ការ​ទូទាត់​ថ្លៃ​មន្ទីរពេទ្យ​ដោយខ្លួនឯង។ គ្រួសារ​ដែល​ស្ថិត​ក្នុង​កម្រិត​ភាព​ក្រីក្រ​របស់​សហព័ន្ធ 400% អាច​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ អាស្រ័យ​លើ​មន្ទីរពេទ្យ។ ច្បាប់​ថ្មីនេះ​រៀបចំ​ជំនួយ​ហិរញ្ញវត្ថុ​ជា 2 កម្រិត ដោយ​មួយ​កម្រិត​សម្រាប់​មន្ទីរ​ពេទ្យ​ធំៗ និង​ប្រព័ន្ធ​ថែទាំ​សុខ​ភាព​ធំៗ (កម្រិត​ទី 1) និង​មួយទៀត​សម្រាប់​មន្ទីរ​ពេទ្យ​តូចៗ មន្ទីរពេទ្យ​ឯករាជ្យ (កម្រិត​ទី 2)។

សូម​មើល​តារាង​ខាងក្រោម​ដើម្បី​ដឹង​ថា​តើ​អ្នក ឬន​រណា​ម្នាក់​ក្នុង​គ្រួសារ​អ្នកមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ឬអត់។ តារាង​នេះ​បង្ហាញ​ពី​កម្រិត​ចំណូល​ដែល​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​នៅ​មន្ទីរពេទ្យ​កម្រិត​ទី 1 និង​កម្រិត​ទី 2 (ចុចត្រង់នេះដើម្បីមើលបញ្ជីមិនផ្លូវការនៃឈ្មោះមន្ទីរពេទ្យទៅតាមកម្រិតនីមួយៗ)៖

Chart listing potential discounts

 


គណនាភាគរយនៃកម្រិតភាពក្រីក្ររបស់សហព័ន្ធពីចំណូលរបស់អ្នក៖

ចំណូលប្រចាំឆ្នាំ៖ 
ចំនួនសមាជិកគ្រួសារ៖

 

 

តារាង និងរូបមន្តគណនាត្រូវបានផ្ដល់សម្រាប់ការប៉ាន់ស្មានប៉ុណ្ណោះ។ សូមពិគ្រោះជាមួយមន្ទីរពេទ្យរបស់អ្នកដោយផ្ទាល់ ដើម្បីកំណត់លក្ខខណ្ឌទទួលបានជាក់លាក់របស់អ្នក។ ប្រសិនបើអ្នកគិតថាមន្ទីរពេទ្យរបស់អ្នកមិនអនុវត្តតាមច្បាប់នេះទេ សូមដាក់បណ្ដឹងទៅអគ្គរដ្ឋអាជ្ញាតាមរយៈ https://www.atg.wa.gov/file-complaint


សំណួរចោទសួរជាញឹកញាប់

 

តើអ្វីជា “ការថែទាំដោយក្ដីសប្បុរស”?

ច្បាប់​ស្ដីពី​ការថែទាំ​ដោយ​ក្ដី​សប្បុរស​នៃ​រដ្ឋ​វ៉ាស៊ីនតោន​តម្រូវ​ឱ្យ​មន្ទីរពេទ្យ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​អ្នកជំងឺ​ដែល​មាន​ចំណូល​ទាប ដើម្បី​ជួយ​សម្រាល​ការ​ចំណាយ​ថ្លៃ​វេជ្ជសាស្ត្រ​ផ្ទាល់ខ្លួន​របស់​ពួក​គេ។ សូម​បញ្ជាក់​ឱ្យ​ច្បាស់​ថា យើង​កំពុង​និយាយ​អំពី​មនុស្ស​ដែល​មាន​ធានារ៉ាប់រង មិនមែន​តែ​មនុស្ស​ដែល​គ្មាន​ធានារ៉ាប់រង​នោះ​ទេ។ មនុស្សជា​ច្រើន​ប្រឈម​នឹង​ការ​ចំណាយ​ផ្ទាល់ខ្លួន​យ៉ាងច្រើន ទោះបីជា​មាន​ធានារ៉ាប់រង​ក៏ដោយ ដូច្នេះ​ច្បាប់​ស្ដីពី​ការថែទាំ​ដោយ​ក្ដី​សប្បុរស​របស់​យើង​ជួយ​ដល់​បុគ្គល​ទាំងនោះ។

 

តើមានការកំណត់អាយុតិចបំផុតដែរទេ?

ទេ មិន​មានការ​កំណត់​អាយុ​តិច​បំផុត ឬច្រើន​បំផុត​ទើប​មាន​លក្ខខណ្ឌ​ទទួល​បាន​នោះ​ទេ។ ប្រជាជន​គ្រប់រូប​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​មាន​សិទ្ធិ​ទទួល​បាន។

 

តើអ្នកត្រូវចូលរួមកម្មវិធី Medicare ឬ Medicaid ទើបអាចប្រើការថែទាំដោយក្ដីសប្បុរសឬ?

ទេ ការថែទាំ​ដោយ​ក្ដី​សប្បុរស​អនុវត្ត​ចំពោះ​ប្រជាជន​ទាំងអស់​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន មិនថា​ពួក​គេ​មាន​ធានារ៉ាប់រង​វេជ្ជសាស្ត្រ​សាធារណៈ ធានារ៉ាប់រង​វេជ្ជសាស្ត្រ​ឯកជន ឬមិន​មាន​ធានារ៉ាប់រង​នោះ​ទេ។ ការថែទាំ​ដោយ​ក្ដី​សប្បុរស​រ៉ាប់រង​ចំណាយ​ផ្ទាល់ខ្លួន​របស់​អ្នក មិនថា​មាន​ស្ថានភាព​ធានារ៉ាប់រង​បែប​ណា​នោះ​ទេ អាស្រ័យ​លើ​កម្រិត​ចំណូល​របស់​អ្នក​តែមួយមុខ​គត់។

 

តើខ្ញុំត្រូវតែជាពលរដ្ឋអាមេរិក ទើបអាចដាក់ពាក្យសុំប្រើការថែទាំដោយក្ដីសប្បុរសបានឬ?

ទេ អ្នកជំងឺ​ទាំងអស់​អាច​ដាក់ពាក្យសុំ​ប្រើការ​ថែទាំ​ដោយ​ក្ដី​សប្បុរស​បាន មិនថា​ពួក​គេ​មាន​ស្ថានភាព​អន្តោប្រវេសន៍​បែប​ណា​នោះ​ទេ។

 

តើការទទួលបានការថែទាំដោយក្ដីសប្បុរសប៉ះពាល់ដល់លក្ខខណ្ឌទទួលបានរបបសន្តិសុខសង្គម កម្មវិធី Medicare ឬ Medicaid ដែរទេ?

អត់ទេ។ ការថែទាំ​ដោយ​ក្ដី​សប្បុរស​អនុវត្ត​ចំពោះ​ផ្នែក​នៃ​វិក្កយបត្រ​មន្ទីរពេទ្យ​ដែល​អ្នក​បង់ប្រាក់ ដូចជា​ការ​ចំណាយ​រួមគ្នា និង​ការ​បង់​ធានារ៉ាប់រង។ Medicaid និង Medicare នឹង​នៅតែ​រ៉ាប់រង​លើ​ចំណែក​របស់​ពួក​គេ​ដដែល ហើយ​ការថែទាំ​ដោយ​ក្ដី​សប្បុរស​នឹង​អនុវត្ត​ចំពោះ​អ្វី​ដែល​នៅសល់​សម្រាប់​អ្នកជំងឺ​បង់ប្រាក់​ផ្ទាល់ខ្លួន។

 

តើកម្មវិធី Medicaid និង/ឬ Medicare បង់ប្រាក់លើអ្វីគ្រប់យ៉ាងឬ?

មិនមែន​ទាំងអស់​ទេ។ អាច​មានការ​ចំណាយ​ផ្ទាល់ខ្លួន​ពាក់ព័ន្ធ​នឹង​ការថែទាំ​នៅ​មន្ទីរពេទ្យ អាស្រ័យ​លើ​អ្វី​ដែល​ត្រូវ​បាន​រ៉ាប់រង។ ចំណុច​នេះ​ក៏​អនុវត្ត​ចំពោះ​ធានារ៉ាប់រង​ឯកជន​ផង​ដែរ។ 

 

ក្រែង​ជំនួយ​ហិរញ្ញវត្ថុ​ប្រភេទ​នេះ​ប្រើ​សម្រាប់​តែ​បុគ្គល​ដែល​មាន​ចំណូល​ទាប​ខ្លាំង​មែនទេ? ខ្ញុំ​មិន​ជឿ​ថា​ខ្ញុំ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន “ក្ដី​សប្បុរស”។

អ្នក​នឹង​ភ្ញាក់ផ្អើល។ វិក្កយបត្រ​មន្ទីរពេទ្យ​មានតម្លៃ​ថ្លៃ​សម្រាប់​អ្នកគ្រប់គ្នា។ ហេតុនេះ​ទើប​ច្បាប់​ថ្មីនេះ​បាន​ពង្រីក​លក្ខខណ្ឌ​ទទួល​បាន។ ឧទាហរណ៍ គ្រួសារ​មាន​សមាជិក 4 នាក់​ដែល​មាន​ចំណូល​គ្រួសារ​រហូតដល់​ប្រហែល $83,000 មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​យ៉ាងហោចណាស់​ការ​បញ្ចុះតម្លៃ​នៅ​គ្រប់​មន្ទីរពេទ្យ​ក្នុង​រដ្ឋ។ នៅ​មន្ទីរ​ពេទ្យ​ធំៗបំផុត ពួក​គេ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បានការ​មិន​ចំណាយ​ផ្ទាល់ខ្លួន។ នៅ​មន្ទីរ​ពេទ្យ​ធំៗបំផុត​របស់​រដ្ឋ គ្រួសារ​មាន​សមាជិក 4 នាក់​ដែល​មាន​ចំណូល​រហូតដល់ $111,000 ក្នុង​មួយឆ្នាំ មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​យ៉ាងហោចណាស់​ការ​បញ្ចុះតម្លៃ​លើ​ការ​ចំណាយ​ផ្ទាល់ខ្លួន​របស់​ពួក​គេ។ 

 

តើការថែទាំដោយក្ដីសប្បុរសអនុវត្តតែចំពោះការថែទាំក្នុងមន្ទីរពេទ្យឬ? ចុះបើទៅគ្លីនិក?

ការថែទាំ​ដោយ​ក្ដី​សប្បុរស​អនុវត្ត​ចំពោះ​ការ​ទទួលការ​ថែទាំ​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ។ ទោះ​យ៉ាងណា ជួនកាល​មន្ទីរពេទ្យ​ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្លីនិក​នឹង​ពង្រីក​គោលការណ៍​ថែទាំ​ដោយ​ក្ដី​សប្បុរស​របស់​ពួក​គេ​ទៅកាន់​គ្លីនិក​ទាំងនោះ។ ដូច្នេះ​ត្រូវ​សាកសួរ​ជានិច្ច ទើប​ជា​ការ​ប្រសើរ​បំផុត។

 

តើ​ការថែទាំ​ដោយ​ក្ដី​សប្បុរស​រ៉ាប់រង​លើ​ការ​ចូលបន្ទប់​សង្គ្រោះ​បន្ទាន់ ការ​ឆ្លុះ​កាំរស្មីអ៊ិច ឬការ​ព្យាបាល​អ្នកជំងឺ​មិន​សម្រាក​ឆ្លង​យប់ ដែល​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​ដែរ​ទេ?

ការថែទាំ​ដោយ​ក្ដី​សប្បុរស​អនុវត្ត​ចំពោះ​ការ​ទទួលការ​ថែទាំ​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ។ វា​រួមបញ្ចូល​ការថែទាំ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។ វា​ក៏​រួមបញ្ចូល​ការ​ស្កេន ធ្វើតេស្ត ឬក្បួន​វេជ្ជសាស្ត្រ​ផ្សេងទៀត​នៅ​មន្ទីរពេទ្យ​ផង​ដែរ។ ការថែទាំ​ដោយ​ក្ដី​សប្បុរស​ប្រហែលជា​មិន​រ៉ាប់រង​លើ​វិក្កយបត្រ​ពី​គ្រូពេទ្យ ឬអ្នកផ្ដល់​សេវា​ផ្សេងទៀត​ដែល​មិន​ជួល​ដោយ​មន្ទីរពេទ្យ​ទេ។

 

តើការថែទាំដោយក្ដីសប្បុរសអនុវត្តតែចំពោះវិក្កយបត្រនាពេលអនាគត ឬចំពោះវិក្កយបត្រកន្លងផុតផងដែរ?

ការថែទាំលក្ខណៈសប្បុរសធម៌អនុវត្តចំពោះទាំងវិក្កយបត្រពីមុនៗ និងការថែទាំនាពេលអនាគត។ មិនសំខាន់ថាវិក្កយបត្រកន្លងផុតយូរប៉ុនណា ឬវិក្កយបត្រត្រូវបានផ្ញើទៅកាន់ផ្នែកប្រមូលប្រាក់ឬអត់នោះទេ។ ប្រសិនបើអ្នកត្រូវនឹងលក្ខខណ្ឌ ការថែទាំលក្ខណៈសប្បុរសធម៌អនុវត្តចំពោះវិក្កយបត្រមន្ទីរពេទ្យរបស់អ្នក។

 

តើ “កម្រិតទី 1” និង “កម្រិតទី 2” មានភាពខុសគ្នាដូចម្ដេច?

មន្ទីរ​ពេទ្យ​ធំៗក្នុង​ទីក្រុង​ដែល​ស្មើនឹង​គ្រែ​មន្ទីរពេទ្យ 80% ស្ថិត​ក្នុង​កម្រិត​ដាច់ដោយឡែក​របស់​ខ្លួន ដែល​មានការ​បញ្ចុះតម្លៃ​កាន់តែ​ខ្លាំង។ យើង​ហៅ​មន្ទីរ​ពេទ្យ​ធំៗទាំងនេះ​ថា "កម្រិត​ទី 1" ហើយ​ប្រជាជន​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ប្រហែល 3 លាន​នាក់​នឹង​មាន​សិទ្ធិ​ទទួល​បានការ​ថែទាំ​ក្នុង​មន្ទីរពេទ្យ​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​កម្រិត​ទី 1 រីឯ 1 លាន​នាក់​ផ្សេងទៀត​នឹង​មាន​សិទ្ធិ​ទទួល​បានការ​ថែទាំ​ដោយ​បញ្ចុះតម្លៃ។ មន្ទីរពេទ្យ​ឯក​រា​ជ្យ​តូចៗ និង​នៅ​ជនបទ​ដែល​ស្មើនឹង​គ្រែ​ប្រហែល 20% នៅ​ជុំវិញ​រដ្ឋ​គឺ​ស្ថិត​ក្នុង "កម្រិត​ទី 2" ហើយ​ផ្ដល់​ការ​បញ្ចុះតម្លៃ​ទាប​ជាង​បន្តិច។

 

ពេល​ខ្ញុំ​ទទួលការ​ថែទាំ​នៅ​មន្ទីរពេទ្យ ខ្ញុំ​បាន​ទទួល​វិក្កយបត្រ 2 ខុសគ្នា ដោយ​វិក្កយបត្រ 1 បាន​ពី​មន្ទីរពេទ្យ និង 1 ទៀត​បាន​ពី​គ្រូពេទ្យ។ តើ​វិក្កយបត្រ​ទាំងពីរ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ក្រោម​ច្បាប់​ស្ដីពី​ការថែទាំ​ដោយ​ក្ដី​សប្បុរស​ដែរ​ទេ?

មានតែ​មន្ទីរពេទ្យ​ប៉ុណ្ណោះ​ដែល​តម្រូវ​ឱ្យ​ផ្ដល់​ការថែទាំ​ដោយ​ក្ដី​សប្បុរស។ ច្បាប់​នេះ​មិន​តម្រូវ​ឱ្យ​មាន​លក្ខខណ្ឌ​សម្រាប់​វិក្កយបត្រ​គ្រូពេទ្យ​ទេ។ ទោះ​យ៉ាងណា មន្ទីរពេទ្យ​ជាច្រើន​តម្រូវ​ឱ្យ​គ្រូពេទ្យ​ដែល​ធ្វើការ​ក្នុង​មន្ទីរពេទ្យ​គោរព​តាម​គោលការណ៍​ថែទាំ​ដោយ​ក្ដី​សប្បុរស​របស់​មន្ទីរពេទ្យ។ សូម​សាកសួរ​មន្ទីរពេទ្យ​របស់​អ្នក​ក្រែង​ពួក​គេ​តម្រូវ។

 

ចុះបើខ្ញុំមានផ្ទះ ឬមានគណនីចូលនិវត្តន៍។ តើទ្រព្យទាំងនោះធ្វើឱ្យខ្ញុំបាត់បង់សិទ្ធិទទួលបានដែរទេ?

សំខាន់​បំផុត មន្ទីរពេទ្យ​មិន​អាច​ពិចារណា​ចំពោះ​កម្មសិទ្ធិ​របស់​អ្នកលើ​ទីលំនៅ​ចម្បង​របស់​អ្នក ឬតម្លៃ​នៃ​ទីលំនៅ​នោះ​បានទេ នៅពេល​វាយតម្លៃ​អំពី​លក្ខខណ្ឌ​ទទួល​បានការ​ថែទាំ​ដោយ​ក្ដី​សប្បុរស ដូច្នេះ​កម្មសិទ្ធិ​លើ​ផ្ទះ​ផ្ទាល់ខ្លួន​នឹង​មិន​ប៉ះពាល់​ដល់​ការថែទាំ​ដោយ​ក្ដី​សប្បុរស​ឡើយ។ មន្ទីរពេទ្យ​អាច​ពិចារណា​លើ​ទ្រព្យ​មួយចំនួន​ក្នុង​ការវាយតម្លៃ​អំពី​លក្ខខណ្ឌ​ទទួល​បាន ប៉ុន្តែ​វា​មានកម្រិត​កំណត់​ខ្ពស់ ហើយ​អតិថិជន​ភាគច្រើន​ដែល​មាន​ចំណូល​ត្រូវ​នឹង​លក្ខខណ្ឌ​ទទួល​បានការ​ថែទាំ​ដោយ​ក្ដី​សប្បុរស​នឹង​មិន​ត្រូវ​បាន​រាប់បញ្ចូល​ដោយ​ផ្អែកលើ​ទ្រព្យរបស់​ពួក​គេ​ទេ។

 

តើការថែទាំដោយក្ដីសប្បុរសរ៉ាប់រងលើការថែទាំជំងឺដូចជា ជំងឺវង្វេងវង្វាន់ដែរទេ?

ការថែទាំ​ដោយ​ក្ដី​សប្បុរស​អនុវត្ត​ចំពោះ​ការ​ទទួលការ​ថែទាំ​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ។ លក្ខខណ្ឌ​ទទួល​បាន​មិនកំណត់​ដោយ​ជំងឺ​វេជ្ជសាស្ត្រ​ជាក់លាក់​នោះ​ទេ។ ទោះ​យ៉ាងណា ជួនកាល​មន្ទីរពេទ្យ​ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្លីនិក​នឹង​ពង្រីក​គោលការណ៍​ថែទាំ​ដោយ​ក្ដី​សប្បុរស​របស់​ពួក​គេ​ទៅកាន់​គ្លីនិក​ទាំងនោះ។ ដូច្នេះ​ត្រូវ​សាកសួរ​ជានិច្ច ទើប​ជា​ការ​ប្រសើរ​បំផុត។

 

តើការបញ្ចុះតម្លៃកាន់តែច្រើនដូច្នេះនឹងធ្វើឱ្យមន្ទីរពេទ្យជួបបញ្ហាពិបាកផ្នែកហិរញ្ញវត្ថុដែរទេ?

រដ្ឋ​អូ​រេហ្កុន​បាន​អនុម័ត​ការពង្រីក​ការថែទាំ​ដោយ​ក្ដី​សប្បុរស​ស្រដៀងគ្នា​នេះ​ក្នុង​ឆ្នាំ 2019។ ក្រុមការងារ​ផ្នែក​ច្បាប់​របស់​យើង​បាន​ពិភាក្សា​ជាមួយ អាជ្ញាធរ​សុខាភិបាល​នៃ​រដ្ឋ​អូ​រេហ្កុន។ ពួក​គេ​បាន​រាយការណ៍​ថា ពួក​គេ​មិនបាន​ឃើញ​ភស្តុតាង​បញ្ជាក់​ថា លក្ខខណ្ឌ​តម្រូវ​នៃ​ការថែទាំ​ដោយ​ក្ដី​សប្បុរស​កំពុង​បង្ក​ឱ្យ​មន្ទីរពេទ្យ​ជួប​បញ្ហា​ពិបាក​ផ្នែក​ហិរញ្ញវត្ថុ​ទេ។ យើង​ក៏​គួរតែ​បញ្ជាក់​ឱ្យ​ច្បាស់​ផង​ដែរ​ថា យើង​កំពុង​និយាយ​អំពី​ការ​ចំណាយ​ថ្លៃ​វេជ្ជសាស្ត្រ​ផ្ទាល់ខ្លួន​ក្នុងករណី​ភាគច្រើន មិនមែន​វិក្កយបត្រ​វេជ្ជសាស្ត្រ​ទាំងមូល​របស់​អ្នកជំងឺ​ទេ។ មន្ទីរពេទ្យ​នឹង​នៅតែ​ទទួល​បានការ​ទូទាត់ប្រាក់​ពី​ធានារ៉ាប់រង​សុខភាព​របស់​អ្នកជំងឺ ឬកម្ម​វិធី Medicaid ដដែល។

 

តើ​ធ្វើ​ម៉េច​ទើប​អ្នកជំងឺ​ដឹង​ថា គាត់​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ក្រោម​ច្បាប់​ស្ដីពី​ការថែទាំ​ដោយ​ក្ដី​សប្បុរស​នៃ​រដ្ឋ​វ៉ាស៊ីនតោន?

រូបមន្ត​គណនា​ខាងលើ​អាច​ផ្ដល់​ជា​គំនិត​ដល់​អ្នក ថា​តើ​អ្នក​អាច​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ឬអត់ ប៉ុន្តែ​បើ​ចង់បាន​ចម្លើយ​ងាយៗគឺ​សាកសួរ​មន្ទីរពេទ្យ​របស់​អ្នក។ ប៉ុន្តែ​អ្នកជំងឺ​ក៏​មិន​ចាំបាច់​សួរ​ដែរ។ ច្បាប់​រដ្ឋ​តម្រូវ​ឱ្យ​មន្ទីរពេទ្យ​ជូនដំណឹង​អំពី​ការ​ផ្ដល់​ការថែទាំ​ដោយ​ក្ដី​សប្បុរស​ទៅ​អ្នកជំងឺ ទាំង​ផ្ទាល់មាត់ និង​ជា​លាយលក្ខណ៍​អក្សរ ហើយ​ពិនិត្យមើល​អ្នកជំងឺ​ថា​តើមាន​លក្ខខណ្ឌ​ទទួល​បានការ​ថែទាំ​ដោយ​ក្ដី​សប្បុរស​ឬអត់ មុន​ពេល​ព្យាយាម​យក​ប្រាក់​ពី​ពួក​គេ​សម្រាប់​ការ​ចំណាយ​ផ្ទាល់ខ្លួន។

 

ចុះបើ​ខ្ញុំ​មានកូន​ពេញវ័យ ឬសមាជិក​គ្រួសារ​ពេញវ័យ​ផ្សេងទៀត​កំពុង​រស់នៅ​ជាមួយ​ខ្ញុំ​ក្រោម​ដំបូល​តែមួយ? តើ​លក្ខខណ្ឌ​ទទួល​បាន​របស់​យើង​ត្រូវ​បាន​កំណត់​ដោយ​របៀបណា?

បទប្បញ្ញត្តិ​នៃ​ការថែទាំ​ដោយ​ក្ដី​សប្បុរស​ឱ្យ​និយមន័យ​គ្រួសារ​ថា​ជា “ក្រុម​មនុស្ស​មាន​គ្នា​ពីរនាក់ឡើងទៅ​ដែល​មាន​ទំនាក់ទំនង​ពី​កំណើត អាពាហ៍​ពិពាហ៍ ឬសុំ​កូនចិញ្ចឹម​ដែល​រស់នៅ​ជាមួយគ្នា”។ នេះ​មានន័យថា ចំណូល​របស់​សមាជិក​គ្រួសារ​ពេញវ័យ​ដែល​រស់នៅ​ជាមួយគ្នា​អាច​ត្រូវ​បាន​ពិចារណា​ក្នុង​ពាក្យ​ស្នើសុំ​ការថែទាំ​ដោយ​ក្ដី​សប្បុរស។ ត្រូវ​ប្រាកដ​ថា​ពន្យល់​ពី​ស្ថានភាព​បុគ្គល​របស់​អ្នក​ប្រាប់​មន្ទីរពេទ្យ​ជានិច្ច​ក្នុង​ពាក្យ​ស្នើសុំ​ការថែទាំ​ដោយ​ក្ដី​សប្បុរស​របស់​អ្នក ព្រោះ​មន្ទីរពេទ្យ​អាច​ធ្វើការ​លើកលែង​ដោយ​ផ្អែកលើ​ស្ថានភាព​បុគ្គល​របស់​អ្នក។

 

តើមានអ្វីកើតឡើង ប្រសិនបើមន្ទីរពេទ្យមិនអនុវត្តតាមច្បាប់ស្ដីពីការថែទាំដោយក្ដីសប្បុរសរបស់រដ្ឋ?

យើង​ចង់​ទទួល​បាន​ដំណឹង​ពី​ប្រជាជន ប្រសិនបើ​ពួក​គេ​មាន​បញ្ហា​ពិបាក​ណាមួយ។ យើង​មាន​ក្រុម​មេធាវី​ដែល​បាន​និង​កំពុង​តាមដាន​បញ្ហា​នេះ ហើយ​ខ្ញុំ​បាន​ដាក់​បណ្ដឹង​ជាច្រើន​ប្រឆាំង​នឹង​មន្ទីរពេទ្យ​ដែល​មិនបាន​ធ្វើ​ឱ្យ​ប្រាកដ​ថា ប្រជាជន​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​មាន​ចំណូល​ទាប​ដែល​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​អាច​ទទួល​បានការ​បញ្ចុះតម្លៃ​ដែល​កំណត់ដោយច្បាប់។ យើង​ត្រៀម​រួចរាល់​ក្នុង​ការ​ចាត់វិធានការ ប្រសិនបើ​មន្ទីរពេទ្យ​មិន​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ទេ។ ប្រសិនបើ​អ្នក​គិតថា​មន្ទីរពេទ្យ​របស់​អ្នក​មិន​អនុវត្ត​តាមច្បាប់​នេះ​ទេ សូម​ដាក់​បណ្ដឹង​មក​យើងខ្ញុំ​តាមរយៈ​ https://www.atg.wa.gov/file-complaint

 

តើរដ្ឋវ៉ាស៊ីនតោនបានតម្រូវឱ្យមន្ទីរពេទ្យផ្ដល់ជំនួយហិរញ្ញវត្ថុយូរប៉ុនណាហើយ?

ច្បាប់​ស្ដីពី​ការថែទាំ​ដោយ​ក្ដី​សប្បុរស​ដើមដំបូង​របស់​រដ្ឋ​វ៉ាស៊ីនតោន​បាន​អនុម័ត​នៅ​ឆ្នាំ 1989 ដូច្នេះ​ជំនួយ​នេះ​មាន​ផ្ដល់​ជូន​អ្នកជំងឺ​នៅ​រដ្ឋ​វ៉ាស៊ីនតោន​ជាង​បី​ទសវត្សរ៍​មក​ហើយ។

 

បំណុលវេជ្ជសាស្ត្រគឺជាបញ្ហាធ្ងន់ធ្ងរសម្រាប់ប្រជាជនអាមេរិកជាច្រើន មិនអ៊ីចឹង?

ច្បាស់​ហើយ។ នៅ​ទូទាំង​ប្រទេស ប្រហែល​ពីរ​ភាគ​បី​នៃ​បុគ្គល​ដែល​ដាក់ពាក្យ​ប្រកាស​ក្ស័យធន​លើក​ហេតុផល​ថា បញ្ហា​វេជ្ជសាស្ត្រ​គឺជា​កត្តារួម​ចំណែក​ដ៏​សំខាន់ ហើយ​ជាង​ពាក់កណ្ដាល​នៃ​របស់របរ​ប្រមូល​ក្នុង​របាយការណ៍​ឥណទាន​គឺ​សម្រាប់​បំណុល​វេជ្ជសាស្ត្រ។ សិទ្ធិ​ទទួល​បានការ​ថែទាំ​ក៏​ជា​បញ្ហា​សមធម៌​ផង​ដែរ។ សហគមន៍​ពូជសាសន៍​មិន​ត្រូវ​បាន​ធានារ៉ាប់រង​ឱ្យ​បាន​គ្រប់គ្រាន់​តាម​សមាមាត្រ​នោះ​ទេ និង​ងាយ​រងគ្រោះ​ខ្លាំង​ដោយសារ​ការ​ចំណាយ​ថ្លៃ​វេជ្ជសាស្ត្រ​ដែល​មិនបាន​រំពឹង​ទុក និង​ធ្ងន់ធ្ងរ​ខ្លាំង។